សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែតុលា នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ពីលើវេទិកាក្នុងពិធីសម្ពោធ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។

ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ៕