យោធាអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ថា ការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមបន្តឡើងវិញហើយ ក្រោយការវាយប្រហារមួយដែលសម្លាប់ទាហានរបស់ខ្លួន២នាក់ បានធ្វើឱ្យយោធាអ៉ីស្រាអែលឆ្លើយតបបើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ខណៈដែលខាងប៉ាឡេស្ទីនអះអាងថា មនុស្សយ៉ាងហោច៤៥នាក់។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន Reuters។
គួរឲ្យដឹងថា ការដឹកជញ្ជូនជំនួយចូលទៅហ្កាហ្សា ក៏នឹងត្រូវបន្តឡើងវិញនាថ្ងៃចន្ទនេះផងដែរ មិនយូរប៉ុន្មានបន្ទាប់ពីអ៉ីស្រាអែល បានប្រកាសផ្អាក ដើម្បីឆ្លើយតបចំពោះអ្វីដែលខ្លួនចោទប្រកាន់ថា ជាការបំពានច្បាស់ៗពីសំណាក់ក្រុមហាម៉ាសចំពោះបទឈប់បាញ់។
យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើ គោលដៅរបស់ក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីមានការបាញ់មីស៉ីលប្រឆាំងរថក្រោះ និងការបាញ់ប្រហារមកលើកងទ័ពខ្លួនបណ្តាលឱ្យទាហាន២នាក់ស្លាប់។
យ៉ាងណាអាជ្ញាធរប៉ាឡេស្ទីន បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ពាសពេញតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោច៤៥នាក់។
ភ្លាមៗកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បាននិយាយថា បទឈប់បាញ់ដែលរូបលោកជាអ្នកសម្របសម្រួលសម្រេចបាន និងដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា គឺនៅរក្សាដដែល ហើយលោកជឿថា មេដឹកនាំរបស់ក្រុមហាម៉ាស ទំនងជាមិនជាប់ពាក់ព័ន្ធសកម្មភាពបំពានបទឈប់បាញ់ឡើយ ពោលគឺការបំពានទាំងនោះ ប្រហែលត្រូវបានប្រព្រឹត្តដោយ សមាជិកនៃក្រុមហាម៉ាស ដែលធ្វើសកម្មភាពដោយឯករាជ្យពីថ្នាក់ដឹកនាំ៕


