អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ដែលបន្តការតវ៉ា គួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ចព្រោះបងប្អូនបានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។
លោក ស៊ុន មេសា គូសបញ្ជាក់ថា ៖ “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ ចំពោះបងប្អូនដែលមិនសុខចិត្តអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត”។
លោកសង្កត់ធ្ងន់ថា នីតិវិធីច្បាប់ និងដំណាក់កាលនៃការដោះស្រាយគឺមិនអាចធាក់ថយក្រោយត្រឡប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញទេ គឺមានតែទៅកាន់តុលាការតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ អតីតកម្មករនិយោជិត បុគ្គលិក ណាហ្គាវើលដ៍ ដែលជាសមាជិក ថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (Labor Rights Supported Union of Khmer Employees of Naga World) បានជួបជុំគ្នាដាក់លិខិតទៅក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តាស្ថានទូតដូចជា៖ បារាំង កាណាដា អង់គ្លេស អាមេរិច អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី អាល្លឺម៉ង់ ដោយចាប់ផ្តើមពេលព្រឹកម៉ោង ៨:០០ព្រឹក បន្តរូហតដល់ម៉ោង ២:០០រសៀល តាមស្ថានទូតដែលបានរៀបរាប់ខាងលើ។
នៅក្នុងខ្លឹមសារលិខិតគឺ «ស្នើរសុំពន្លឿនដំណោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ស្របតាម អនុសាសន៍របស់អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO»។


