ធ្លាប់តែជាតារាសម្តែងធម្មតាម្នាក់ ពេលនេះកញ្ញា ខន សូរិយា មានសំណាងត្រូវបានជ្រើសរើសគ្រងមកុដ Miss World Cambodia 2026 តែម្តងដោយមិនបានឆ្លងកាត់នូវការប្រកួតអ្វីទាំងអស់ ។ ជុំវិញនៃការគ្រងមកុដរបស់តារាស្រីរូបនេះត្រូវបានអ្នកគ្រប់គ្រងកម្មវិធីបញ្ជាក់ក្រោមហេតុផលបែបនេះ ។

កញ្ញា ខន សូរិយា គឺជាតារាសម្តែងស្រីមួយរូបដែលធ្លាប់លេចមុខទាំងរឿងដុំ និងរឿងភាគ កន្លងមកនាងមិនចាប់អារម្មណ៍ក្នុងការចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាដែរ ទើបតែនៅក្នុងឆ្នាំនេះនាងសម្រេចចិត្តក្នុងវិស័យនេះព្រមទាំងទទួលបានមកុដដោយឯងៗយ៉ាងងាយស្រួលទៅវិញ ។
ទស្សនិកជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីបានជាកញ្ញា ខន សូរិយា អាចក្លាយទៅជាម្ចាស់មកុដ Miss World Cambodia 2026 បានទាំងដែលមិនឆ្លងកាត់ការប្រលងឬប្រកួតប្រជែងអ្វីទាំងអស់បែរជាជាប់ដោយសារការចាត់តាំងទៅវិញ ?
ចំពោះរឿងនេះផងដែរអ្នកគ្រប់គ្រងកម្មវិធី Miss World Cambodia 2026 បានបញ្ជាក់ប្រាប់ថា កញ្ញា ខន សូរិយា មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានចំណុចពិសេសជាច្រើនដែលស័ក្តិសមជាមួយកម្មវិធីនេះ ដោយនាងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ នាងក៏ជាតារាសម្តែងល្បីឈ្មោះ និងជា Influencer ឬអ្នកបង្កើតមាតិការដែលមានអ្នកតាមដានច្រើន ។ និយាយរួមគឺនាងមានទាំងកេរ្តិ័ឈ្មោះកិត្តិយសសមជាមួយមកុដនេះយ៉ាងពិតប្រាកដ ដែលអាចតំណាងឱ្យ កម្ពុជា ឡើងទៅឆាកអន្តរជាតិបាន ។
កញ្ញា ខន សូរិយា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីតំណាង កម្ពុជា ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។ បើទោះបីជា ខន សូរិយា មានការរំពឹងខ្ពស់លើសមត្ថភាពរបស់ខ្លួនតែខាងអ្នកគ្រប់គ្រងនៅតែព្យាយាមពង្រឹងសមត្ថភាពនាងបន្ថែមទៀតក្នុងរយៈពេល២ខែនេះ ដើម្បីឱ្យ ខន សូរិយា កាន់តែខ្លាំង និងធ្វើបានល្អនៅពេលប្រកួត ៕




