លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានទំនុកចិត្តថា ឯកសារមួយស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខាយ៉ាងពិតប្រាកដនៅថ្ងៃទី២៥ ខែតុលា ក្នុងប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ចូលរួមធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod English ចុះផ្សាយ។

ការអះអាងរបស់លោក Sihasak កើតឡើងក្រោយពេល គណៈប្រតិភូនៃប្រទេសទាំងពីរជួបគ្នាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី ដែលទទួលបានលទ្ធផលគូរឲ្យចាប់អារម្មណ៍។
តាមការផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥, លោក Sihasak កត់សម្គាល់ថា វឌ្ឍនភាពក្នុងអំឡុងថ្ងៃដំបូងនៃកិច្ចប្រជុំ GBC គឺភាគីទាំងពីរ បានយល់ព្រមជាគោលការណ៍ចំពោះលក្ខខណ្ឌដែលបានស្នើឡើង។
ជាមួយគ្នានេះដែរ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងក្នុងបទសម្ភាសមួយថា ថ្ងៃនេះនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធដើម្បីពិនិត្យមើលពីការត្រៀមលក្ខណៈទុកជាមុន សម្រាប់ការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។
នៅពេលអ្នកសារព័ត៌មានសួរថា តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា តម្រូវឲ្យមានការអនុម័តពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឬទេ លោក Anutin បានឆ្លើយតបថា “សូមឲ្យខ្ញុំចូលរួមកិច្ចប្រជុំនាថ្ងៃនេះសិន”។
សូមជម្រាបជូនថា នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) ចំនួន២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានលទ្ធផលចំនួន ៧ចំណុច។ សេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-ថៃ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនរួមមាន ការបោះបង្គោលតាមគំរូដើមពីជំនាន់បារាំង និងការចុះវាស់វែងពិនិត្យខណ្ឌសីមាជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់៕

