ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ប្លុកអាស៊ាន និងប្រទេសចិន កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើការធ្វើឱ្យប្រសើរឡើងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលរួមមានលើវិស័យឌីជីថល សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មថ្មីផ្សេងទៀត។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដែលមានសមាជិកចំនួន ១១ប្រទេស គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ដោយពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុប ៧៧១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់អាស៊ាន ចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែតុលា។
ប្រទេសចិនកំពុងស្វែងរកការពង្រឹងការចូលរួមរបស់ខ្លួនជាមួយអាស៊ាន ដែលជាតំបន់មានផលិតផលក្នុងស្រុកសរុបចំនួន ៣.៨ ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងពន្ធនាំចូលដ៏ច្រើនដែលដាក់ដោយរដ្ឋបាលសហរដ្ឋអាមេរិក ប្រធានាធិបតី ដូណាល់ ត្រាំ លើប្រទេសជុំវិញពិភពលោក។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដែលបានធ្វើឱ្យប្រសើរឡើងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដ៏ឧឡារិករបស់ភាគីទាំងពីរក្នុងការរួមគ្នាគាំទ្រពហុភាគីនិយម និងពាណិជ្ជកម្មសេរី។
ទីក្រុងប៉េកាំង បានកំពុងស្វែងរកទីតាំងខ្លួនឯងជាសេដ្ឋកិច្ចបើកចំហរ បើទោះបីជាមានការរិះគន់ពីមហាអំណាចផ្សេងទៀតនៃការរឹតបន្តឹងការនាំចេញរបស់ខ្លួនលើរ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀតក៏ដោយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន ត្រូវបានចុះហត្ថលេខាចូលជាធរមាននៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ី ដែលលោក Trump បានចូលរួមកាលពីថ្ងៃអាទិត្យនៅពេលចាប់ផ្តើមនៃការធ្វើដំណើរឆ្លងកាត់អាស៊ី។
ការចរចាលើកិច្ចព្រមព្រៀងអាស៊ាន-ចិន ដែលបានធ្វើឱ្យប្រសើរឡើងបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានបញ្ចប់នៅក្នុងខែឧសភាឆ្នាំនេះ បន្ទាប់ពីការយកពន្ធបដិកាដ៏ខ្ពស់របស់លោក Trump បានចាប់ផ្តើម។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ទី១ បានចូលជាធរមានក្នុងឆ្នាំ២០១០ ។ ប្រទេសចិនធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការទទួលបានទីផ្សារកាន់តែប្រសើរឡើងនៅក្នុងវិស័យកសិកម្ម សេដ្ឋកិច្ចឌីជីថល និងឱសថរវាងប្រទេសចិន និងអាស៊ាន។
ទាំងប្រទេសចិន និងអាស៊ាន គឺជាផ្នែកមួយនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ជិតមួយភាគបីនៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕


