ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សាលារៀនទាំងអស់ត្រូវអនុវត្តការគោរពទង់ជាតិ ស្របតាមប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ។ តាមលទ្ធភាពពេលវេលា គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនអាចរៀបចំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹកនៃថ្ងៃសិក្សា មុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។ នេះបើតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៥-២០២៦ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា។
ក្នុងសេចក្តីណែនាំ ក្រសួងអប់រំបានលើកឡើងថា រាល់ពេលគោរពទង់ជាតិ ត្រូវច្រៀងចម្រៀងជាតិបទនគររាជ វគ្គទី១ ឬទាំង៣វគ្គ ឱ្យបានត្រឹម ត្រូវតាមចង្វាក់។ គណៈគ្រប់គ្រងសាលារៀនត្រូវដឹកនាំសិស្សានុសិស្សឱ្យច្រៀងចម្រៀងជាតិ ទាំង ៣វគ្គ យ៉ាងតិចណាស់ ១ដងក្នុង១ខែ រាល់ពេលគោរពទង់ជាតិ ត្រូវអប់រំណែនាំសិស្សលើផ្នែកវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងឥរិយាបថ ព្រមទាំងទម្លាប់ល្អនានា។
គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀនសិស្សឱ្យចេះច្រៀងចម្រៀងជាតិ និងសូត្រធម៌នានា រួមមានបទពង្សាវតារខ្មែរ, ដែនដីខ្មែរ, គន់មើលទៅមេឃ, ជនជាតិខ្មែរកើត លើដីខ្មែរ, បើខ្មែរបែកបាក់ និងធម៌បទសារភញ្ញ ជាដើម។
ចំពោះគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដែលអនុវត្តកម្មវិធីរៀននិងបង្រៀនពេញមួយថ្ងៃ ត្រូវចូលរួម អនុវត្តទៅតាមស្ថានភាព និងលទ្ធភាពរៀងៗខ្លួន ក្នុងជម្រើសមួយ ឬច្រើន នៃជម្រើសដូចតទៅ៖ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូត្រូវដឹកនាំការគោរពទង់ជាតិ នៅព្រឹកថ្ងៃចន្ទ មុនពេលចូលរៀន ១០នាទី ឬល្ងាចថ្ងៃចន្ទក្រោយពេលចេញពីរៀន និងព្រឹកថ្ងៃចុងក្រោយនៃ ថ្ងៃសិក្សា (ថ្ងៃសុក្រ/សៅរ៍) មុនពេលចូលរៀន ១០នាទី ឬល្ងាចថ្ងៃចុងក្រោយនៃថ្ងៃសិក្សា (ថ្ងៃសុក្រ/ សៅរ៍) ក្រោយពេលចេញពីរៀន
គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូត្រូវដឹកនាំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹក នៃថ្ងៃសិក្សាមុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញ ពីរៀន។
គួរបញ្ជាក់ថា ក្រោយកម្ពុជារងការឈ្លានពានទឹកដីពីប្រទេសថៃទឹកចិត្តស្នេហាជាតិជាពិសេសសំឡេងស្រែកច្រៀងចម្រៀងជាតិបានសូត្ររត់មាត់លឺកងរំពងចេញពីប្រជាពលរដ្ឋគ្រប់ស្រទាប់ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់កម្ពុជា។បទនគររាជ, បទពង្សាវតារខ្មែរ, បទដែនដីខ្មែរប្រែថាសុវណ្ណភូមិ និងបទគន់មើលទៅមេឃ ជាដើម ដែលបទចម្រៀងទាំងនេះ គឺសឹងសុទ្ធមានអត្ថន័យលើសពីចម្រៀង ហើយថែមជាពាក្យពេជ្របណ្ដាំដូនតា ដាស់ស្មារតីកូនខ្មែរឱ្យស្រឡាញ់ជាតិមាតុភូមិខ្លួន៕


