ព្យុះទីហ្វុង Kalmaegi បានបោកបក់ចូលប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឱ្យអាជ្ញាធរលុបចោលជើងហោះហើររាប់រយជើង និងប្រកាសឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ពីរថ្ងៃបន្ទាប់ពីព្យុះបានចាប់ផ្តើមបោកបក់ពាសពេញប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៤នាក់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ព្យុះទីហ្វុង Kalmaegi បាននាំខ្យល់បក់រហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើប្រមាណ ៩៣ ម៉ាយក្នុងមួយម៉ោង។ យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិ បាននិយាយ ព្យុះទីហ្វុងបានបោកបក់ឡើងនូវរលកខ្ពស់រហូតដល់ ១០ ម៉ែត្រ (៣០ ហ្វីត) នៅពេលដែលបានបោកបក់មកលើឆ្នេរសមុទ្រនៃតំបន់កណ្តាល។
ឥទ្ធិពលដ៏សាហាវនៃព្យុះទីហ្វុង Kalmaegi បណ្តាឲ្យអាជ្ញាធរបានបិទអាកាសយានដ្ឋានចំនួន ៦ ជាច្រើនជើងហោះហើរហើយរដ្ឋាភិបាលបាននិយាយថា មនុស្សជាង ២៦០,០០០ នាក់នៅក្នុងខេត្ត Gia Lai ត្រូវបានផ្លាស់ទីទៅកាន់កន្លែងទួលសុវត្ថិភាព។ Kalmaegi គឺជាព្យុះទី ១៣ ដែលបានវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ហើយក្នុងចំណោមព្យុះដែលមានកម្លាំងខ្លាំងបំផុត។
រដ្ឋាភិបាលបាននិយាយថា បានដាក់ទាហានជាង ២៦៨,០០០ នាក់ឱ្យរង់ចាំប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ វៀតណាមក៏បានព្រមានអំពីទឹកជំនន់នៅតំបន់ទំនាប និងផលប៉ះពាល់លើវិស័យកសិកម្ម រួមទាំងនៅតំបន់ Central Highlands ដែលជាតំបន់ដាំដុះកាហ្វេដ៏សំខាន់ផងដែរ។
គួរឲ្យដឹងថា នៅប្រទេសហ្វីលីពីន ទំហំនៃការបំផ្លិចបំផ្លាញរបស់ព្យុះទីហ្វុង Kalmaegi មានមនុស្សចំនួន ១២៧ នាក់នៅតែត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍៕





