ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) សរុបចំនួន ១២ប្រទេស នៅនៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួនដែលបានព្រមព្រៀងគ្នាក្រោមសេចក្ដីថ្លែងការណ៍រួមមាន ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតី រវាងកម្ពុជានិងថៃ។
ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតនូវការថ្លែងអំណរគុណរបស់កម្ពុជាចំពោះប្រទេសមាន ស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ចប់ដោយបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការប្រែក្លាយ ព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។
ក្នុងអំឡុងនៃបទបង្ហាញនេះ មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធបានផ្ដល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតអំពី វិធាន នីតិវិធី និងផែនការសកម្មភាពដែលបានព្រមព្រៀងដោយភាគីទាំងពីរ ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌ជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP)៕





