គិតមកដល់ត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺមានរយៈពេលមួយឆ្នាំពេញ ដែលវិថីតេជោសន្តិភាពឆ្នេរអង្កោល ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
រយៈពេលមួយឆ្នាំមកនេះ វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវបម្រើឲ្យវិស័យទេសចរណ៍ និងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត រួមជាមួយចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

វិថីនេះ មានប្រវែងសរុបជាង១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ ព្រោះជាមូលដ្ឋានធានាដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបានហុចផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ការប្រើប្រាស់ និងការបង្កើតសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។
«វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត លេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ៕





