ប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នឹងគោរពយ៉ាងពេញលេញក្នុងការបញ្ចប់ជម្លោះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសអំពីការប្តេជ្ញាចិត្តបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ជាមួយនឹងការរំពឹងខ្ពស់ថា កម្ពុជា-ថៃ នឹងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញក្នុងការបញ្ចប់ជម្លោះ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បាននិយាយថា លោក Trump ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្ទរការប្តេជ្ញាចិត្តនោះ ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង។

យ៉ាងណា ម៉ាឡេស៊ី ដែលជាអ្នកផ្តួចផ្តើមកិច្ចព្រមព្រៀងសន្តិភាពម្នាក់ដែរនោះ បានចេញមកព្រមានថា ការផ្អាកកិច្ចព្រមព្រៀង អាចបង្កហានិភ័យរុញភាពតានតឹងកម្ពុជា-ថៃឲ្យឈានដល់កម្រិតឡើងកម្តៅខ្ពស់ដូចកាលពីមុន។ 

ការព្រមានយ៉ាងដូច្នេះធ្វើឡើងក្រោយពេលទាហានថៃដើរជាន់មីនដាច់ជើងធ្វើឲ្យទីក្រុងបាងកក ឈានដល់ការប្រកាសផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Mohd Nizam Jaffar នៅថ្ងៃអង្គារបាននិយាយថា កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនមានអ្វីត្រូវបានអនុវត្តតាមកាលបរិច្ឆេទទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញ។

ពាក់ព័ន្ធរឿងទាហានថៃដើរជាន់មីន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីបាននិយាយថា៖ «យើងដឹងអំពីហេតុការណ៍ផ្ទុះមីននាពេលថ្មីៗនេះ។ យ៉ាងណាត្រូវថ្មមសភាពការណ៍សិន ដើម្បីរកមូលហេតុពិតឲ្យឃើញ»៕

5
Promotion