ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដោយមាននាយករដ្ឋមន្ត្រី លោក អនុទីន ឆានវីរៈគុល អមដំណើរដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation មុនពេលអមដំណើរព្រះមហាក្សត្រថៃបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១៣ ខែវិច្ឆិកានេះ លោក អនុទីន បានបង្ហាញពីការត្រៀមលក្ខណៈរបស់ថៃ ស្របពេលតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងកើនឡើង។ លោកបានអះអាងថា មិនមានបញ្ហាសំខាន់ៗ អ្វីកើតឡើងទេ ព្រោះលោកបានបង្កើតបណ្តាញទំនាក់ទំនង ២៤ម៉ោងលើ២៤ម៉ោង ជាមួយភាគីពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងហេតុការណ៍ដែលទាហានថៃបាញ់ប្រហារនៅក្បែរព្រំដែនជាប់នឹងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាឲ្យជនស៊ីវិលកម្ពុជា ម្នាក់ស្លាប់ និងរបួស ៣នាក់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា លោក អនុទីន បាននិយាយសង្កត់ធ្ងន់ថា៖ «យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាព។ យើងគ្មានចេតនាឈ្លានពាននរណាម្នាក់ទេ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់គំរាមកំហែងដល់អធិបតេយ្យភាពរបស់យើងឡើយ។ យើងនឹងមិនបណ្តោយឱ្យប្រជាជន ឬទាហានរបស់យើងប្រឈមមុខនឹងគ្រោះថ្នាក់នោះទេ»។
គួរឲ្យដឹងថា ភាគីថៃ បានសន្យាដោះលែងកងទ័ពកម្ពុជាទាំង ១៨រូបដែលទាហានរបស់ខ្លួនចាប់ឃុំខ្លួនដោយខុសច្បាប់ក្រោយមានបទឈប់បាញ់ធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រគល់មកឲ្យកម្ពុជាវិញនាថ្ងៃទី១២ ខែវិច្ឆិកានេះ តែផ្ទុយទៅវិញ ភាគីថៃមិនទាំងគោរពតាមការសន្យាហើយថែមទាំងបង្កើតលេសជាច្រើនដើម្បីបន្តសង្រ្គាមជាលើកទី២ រហូតឈានដល់បាញ់ប្រហារដ៏ឃោឃៅសាហាវ អមនុស្សធម៌មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា បង្ករឲ្យមានអ្នកស្លាប់ និងរបួស ដែលទង្វើរនេះជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៉ីម ជាប្រធានអាស៊ាន ជាសាក្សី៕

