កៀកថ្ងៃចូលរោងជ័យតារាសម្តែង ឈិន មុន្នីនាថ កាន់តែមានអារម្មណ៍ភ័យអរៗរកនិយាយមិនត្រូវ រហូតនាងនិយាយថា សុំពេល១០ថ្ងៃដើម្បីធ្វើរឿងនេះមុនចូលរោងការ ។

បើតាមគម្រោងតារាសម្តែង ឈិន មុន្នីនាថ ចូលរោងការនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥ ខាងមុននេះហើយ នាងត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ៧០តុ ។ ជួបជាមួយ ឈិន មុន្នីនាថ នៅក្នុងពិធីបរិច្ចាគឈាមរបស់សមាគមសិល្បករខ្មែរកាលពីពេលថ្មីៗនេះនាងនៅតែអះអាងថា នាងនៅតែបន្តធ្វើការងារសិល្បៈដូចដើម បើទោះបីជានាងមមាញឹកនៅក្នុងការរៀបចំកម្មវិធីពិសេសរបស់ខ្លួនក្តី ។
ឈិន មុន្នីនាថ ថែមទាំងនិយាយទៀតថា នាងទុកពេល១០ថ្ងៃដើម្បីធ្វើរឿងមួយចំនួនឱ្យរួចរាល់ទាំងរឿងការងារនិងរឿងរកស៊ី បន្ទាប់ពីនោះគឺនាងត្រៀមខ្លួនបន្ទំសាច់ ធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ក្នុងថ្ងៃពិសេសដែលជាក្តីស្រមៃធំរបស់ខ្លួន ។
ឈិន មុន្នីនាថ មិនបានប្រាប់ពីថ្លៃបណ្ណាការដែលនាយ ព្រែក ជូនដល់ខ្លួនឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា មនុស្សពីរនាក់ស្រឡាញ់គ្នានិងក្លាយទៅជាគ្រួសារក្នុងពេលឆាប់ៗ ដូច្នេះនាងមិនខ្វល់ពីរឿងនោះឡើយ អ្វីដែលសំខាន់ គឺរៀបចំកម្មវិធីមង្គលការឱ្យល្អ ។
គួរបញ្ជាក់ផងដែរថា មង្គលការរបស់ ឈិន មុន្នីនាថ ជាមួយនាយ ព្រែក ត្រូវបានគេរំពឹងថាជាកម្មវិធីធំនិងកក្រើកបំផុតនៅបំណាច់ឆ្នាំ២០២៥ ពីព្រោះពិធីមង្គលការរបស់អ្នកទាំងពីរត្រៀមរៀបចំ ឡើងយ៉ាងធំដុំ និងចំណាយថវិការអស់យ៉ាងច្រើន ឱ្យសមនិងកិត្តិយសរបស់ខ្លួន ៕




