សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានលើកឡើងថា យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ បើតាមសម្តេច យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣
នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកករណីនៅភូមិព្រៃចាន់នៅខេត្តបន្ទាយមានជ័យថា ថៃបានព្យាយាមធ្វើទុកបុកម្នេញមកដល់កម្ពុជា ដើម្បីឱ្យប្រព្រឹត្តទង្វើផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបង្កើតបានជាសង្គ្រាមជាថ្មី។ ដោយសារមើល​ឃើញពីបំណង​បែបនេះទើបរដ្ឋាភិបាលនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនតបត ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំម្ដងទៀតនោះទេ តែយ៉ាងណាសម្ដេចស្នើឱ្យជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។

សម្ដេចតេជោ បានបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត។សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេវិញនោះទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។

ទន្ទឹមគ្នានេះ សម្តេចក៏បានបន្តអំពាវនាវឱ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឱ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ប្រជាពលរដ្ឋទាំងអស់។