សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្តដល់ស្ត្រីរងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទពីក្រុមទាហានថៃ ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើមួយកន្ទ្រក សម្ភារៈនិងថវិកាមួយចំនួនជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែនជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានជួយសង្គ្រោះ  និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែត។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គេលេខាធិការ បានប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពាន និងបានលើកទឹកចិត្តដល់ក្មួយស្រី ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ។

ជាកិច្ចឆ្លើយតបក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកទឹកចិត្តដល់កូនស្រីរបស់ខ្ញុំនាពេលនេះ។

សូមរំលឹកថា ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើ ពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។

កម្ពុជា បានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ហើយថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ បានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ ហើយក្រុមគ្រូពេទ្យបាននិងបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះ  រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕