ត្រាំ ព្រមានកាត់ទោសប្រហារជីវិតតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលជំរុញយោធាកុំអនុវត្តតាមបទបញ្ជា

ប្រធានាធិបតីអាមេរិកបានព្រមានតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យដែលបានជំរុញឱ្យយោធាអាមេរិកកុំអនុវត្តតាមបទបញ្ជាខុសច្បាប់ អាចនឹងត្រូវបានកាត់ទោសប្រហារជីវិត ដោយលោកហៅថាជា ជនក្បត់ និងមានចរិតឧទ្ទាមបះបោរ។

គណបក្សប្រជាធិបតេយ្យ បានចេញមុខថ្កោលទោសភ្លាមៗចំពោះការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងសមាជិកព្រឹទ្ធសភា និងសមាជិកសភាតំណារាស្ត្រអាមេរិក៦រូបមកពីគណបក្សប្រជាធិបតេយ្យដែលបានធ្វើការអត្ថាធិប្បាយមួយក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារកន្លងទៅ។

សមាជិកសភាតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យទាំងនោះធ្លាប់បម្រើការក្នុងយោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ រួមទាំង សមាជិកព្រឹទ្ធសភាលោក Mark Kelly ជាអតីតសមាជិកកងទ័ពជើងទឹក និង NASA ក៏ដូចជាសមាជិកព្រឹទ្ធសភា លោកស្រី Elissa Slotkin ដែលធ្លាប់បម្រើការឱ្យ CIA ក្នុងបេសកកម្មនៅអ៉ីរ៉ាក់។  នេះបើតាមសារព័ត៌មាន AFP ចេញផ្សាយ។

តំណាងរាស្ត្របក្សប្រជាធិបតេយ្យទាំងនេះបាននិយាយនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «អ្នកអាចបដិសេធបញ្ជាខុសច្បាប់»។ តំណាងរាស្រ្តទាំងនោះបានចោទលោក ត្រាំ ថា កំពុងប្រើប្រាស់ឯកសណ្ឋានយោធារបស់យើង និងអ្នកមានវិជ្ជាជីវៈនៃសហគមន៍ស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងពលរដ្ឋអាមេរិក។ 

យ៉ាងណាប្រធានាធិបតីអាមេរិក ត្រាំ  បានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិ នៅតាមបណ្ដាទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក ក្រោមហេតុផលស្ដារសណ្ដាប់ធ្នាប់ បណ្ដេញជនអន្តោរប្រវេសន៍ខុសច្បាប់ និងបង្រ្កាបឧក្រិដ្ឋកម្ម។ លោក ត្រាំ បានបង្ហោះសារគំរាមកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ថា «នេះជារឿងអាក្រក់ និងគ្រោះថ្នាក់សម្រាប់ប្រទេសរបស់យើង។ ពាក្យពេចន៍បែបនេះរបស់ពួកគេមិនត្រូវបានអនុញ្ញាតឡើយ។ នេះជាចរិតឧទ្ទាមរបស់ពួកក្បត់»។ លោក ត្រាំ បន្ថែមថា ការធ្វើទង្វើឧទ្ទាមបះបោ អាចនឹងត្រូវបានកាត់ទោសដោយការប្រហារជីវិត។

គួរឲ្យដឹងថា នៅក្រៅប្រទេស លោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបើកការវាយប្រហារជាបន្តបន្ទាប់លើទូកសង្ស័យដឹកគ្រឿងញៀននៅតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់ ដែលអ្នកជំនាញខ្លះចាត់ទុកការវាយប្រហាររបៀបនេះជាទង្វើខុសច្បាប់៕