ផន ស្រីពី ទៅប្រកួត Miss Cosmo មុនពេលកំណត់ព្រោះមូលហេតុនេះ !

កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 បានឡើងយន្តហោះទៅប្រកួត Miss Cosmo នៅប្រទេស វៀតណាម មុនពេលកំណត់នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះដោយសារមួយហេតុមួយនេះ ។ 

ការចេញដំណើរមុនពេលកំណត់របស់កញ្ញា ផន ស្រីពី ទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តសិល្បករជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នាដោយសារនាងបានផ្លាស់ប្តូរជើងហោះហើរលឿនពេក ជាក់ស្តែងតាមគម្រោង ផន ស្រីពី ត្រូវចេញទៅប្រទេស វៀតណាម នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឯណោះ ។ 

ស្របពេលចេញដំណើរ កញ្ញា ផន ស្រីពី បានបញ្ជាក់ប្រាប់ពីមូលហេតុដែលធ្វើឱ្យនាងផ្លាស់ប្តូរពេលវេលាចេញដំណើរគឺដោយសារតែមូលហេតុនេះ ។ ស្រីពី បានរៀបរាប់ថា « ខ្ញុំសូមអភ័យទោសចំពោះការផ្លាស់ប្តូរកាលវិភាគប្រកួតរបស់ខ្ញុំយ៉ាងឆាប់រហ័សបែបនេះ ។ ពេលខ្ញុំបានឃើញព័ត៌មានអំពីព្យុះទីហ្វុងនៅភាគកណ្តាលប្រទេស វៀតណាម ខ្ញុំដឹងថា ខ្ញុំត្រូវតែនៅទីនោះមិនត្រឹមតែជាអ្នកប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាអ្នកជួយនៅក្នុងសហគមន៍ដែលត្រូវការជំនួយផងដែរ ។ នាងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងយល់ថារឿងខ្លះធំជាងការប្រកួតប្រជែង » ។

ទោះបីជាដំណើរចាកចេញរបស់ ផន ស្រីពី តក់ក្រហល់បន្តិចក្តី តែនាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសម្រស់ដ៏ធំមួយនេះ ។ ផន ស្រីពី ថែមទាំងបានបង្ហាញនូវភាពជឿជាក់ថា សម្រាប់ការប្រកួតឆ្នាំនេះនាងនឹងខិតខំធ្វើឱ្យបានល្អដើម្បីចូល Top សំខាន់ៗក្នុងការប្រកួត Miss Cosmo ។ តែអ្វីដែលនាងត្រូវការខ្លាំងបំផុតនៅក្នុងពេលនេះ គឺការជូនពរ និងកម្លាំងចិត្តពីអ្នកគាំទ្រទាំងអស់គ្នា ៕