ក្រសួងរៀបចំដែនដី រៀបចំកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់-ផលិត ភាពកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់ – ផលិតភាព​កម្ពុជា” រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់​ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ ឧស្សាហកម្ម​តុបតែងលំអរ ដែលមានការចូលរួមសហការតាំងពិព័រណ៍ដោយភាគីពាក់ព័ន្ធជាច្រើនដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងចែកចាយ​ផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍនិងវាយតំលៃអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិស្វករកម្ពុជា គណៈស្ថាបត្យករកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាក្នុង​វិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត។

ក្នុងរយៈពេលជិត២ទសវត្យរ៍នេះ វិស័យសំណង់ បានក្លាយជាកម្លាំងចលករមួយដែល​ជំរុញកំណើនសេដ្ឋកិច្ចជាតិ​កម្ពុជា ក្នុងអត្រាប្រមាណ១០%នៃផលិតផលជាតិសរុប។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥ វិស័យសំណង់បាន​ទាក់ទាញ​ការវិនិយោគប្រមាណ ៧ពាន់លានដុល្លារអាមេរិក (កើនឡើងប្រមាណ៧២% បើធៀបនឹងរយៈពេល​ដូចគ្នាក្នុងឆ្នាំ២០២៤) ដែលជាការឆ្លុះបញ្ជាំងអំពីចលនាងើបឡើងវិញយ៉ាងស្វាហាប់ និងបង្ហាញភាពធន់នឹងវិបត្តិ​ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រែប្រួលក៏ដោយ។

សូមជម្រាបថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា លោកអ្នកអាចអញ្ជើញចូលរួម​ទស្សនា​ដោយ​សេរី​និងមិនគិតថ្លៃ ចាប់ពីថ្ងៃ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីល្ងាច នៅក្នុងបរិវេណក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅដីឡូត៍លេខ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕