អ្នកនាំពាក្យ៖ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃចុងក្រោយ នៃការរំកឹលធ្នឹមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ឆ្លងកាត់ផ្លូវជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែ​ក្រោមបានចាប់ផ្តើមពីថ្ងៃទី២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។

លោកបន្តថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ 

លោកបញ្ជាក់ថា តាមប្រតិទិនការដ្ឋានបានស្តែងឱ្យឃើញថា ដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។ លោកបន្ថែមថឆ ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕