សម្តេច ហេង សំរិន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨-២ធ្នូឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើម “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

លើបណ្តាញសង្គមសម្តេច ហេង សំរិន មានប្រសាសន៍ថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ នេះបើតាមការគូសបញ្ជាក់របស់សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា។

សម្តេច ហេង សំរិន បញ្ជាក់បន្ថែមថា មហាជ័យជម្នះ ៧មករា៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍមាតុភូមិរបស់ខ្លួនឡើងវិញ។ 

សម្តេចអះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕