គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្រ្តីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្ដល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។ នេះបើតាមសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសារលិខិត សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ក្នុងគោលដៅកំណត់អត្តសញ្ញាណជនមានពិការភាព ឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ប្រព័ន្ធនេះនឹងផ្តល់ទិន្នន័យគោលស្តីពីពិការភាពសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរផ្នែកគោលនយោបាយគាំពារសង្គមនិងសង្គមកិច្ចផ្សេងទៀតទៅតាមតម្រូវការជាក់ស្ដែង និង ទៅតាមវិស័យរៀងៗខ្លួន។ ជាក់ស្ដែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ គ្រួសារគោលបានចុះឈ្មោះក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន៧១៧ ១៣២គ្រួសារ ក្នុងនោះជនមានពិការភាពដែលបានទទួលផលពី កម្មវិធីនេះមានចំនួន៥៤ ៨១៩នាក់ ដោយបានចំណាយថវិកាប្រចាំខែចំនួន ១០ ៣២១ ៥០០ ០០០រៀល ស្មើទំហំប្រមាណ ២,៥៨០,៣៧៥ ដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ ជនមានពិការភាពមួយនាក់ទទួលបាន ប្រាក់ឧបត្ថម្ភចំនួន២៨ ០០០រៀល ក្នុងករណីជនមានពិការភាពជាជនចាស់ជរាផងនិងមានផ្ទុកមេរោគអេដស៍ ផងនោះ គាត់នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមគុណនឹង៣ដងក្នុងមួយខែ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថាក្រុម គោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្ដារនីតិសម្បទា និង(៣) ពិនិត្យ លទ្ធភាពក្នុងការគិតគូរផ្ដល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ។
គិតត្រឹមខែតុលា ឆ្នាំ២០២៥ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាព ចំនួន៧៧ ៣៣៤នាក់ ស្ត្រីចំនួន២៥ ៥៨៦នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤០ ៦០៨នាក់ ស្រ្តី៧ ៤៨៦នាក់ និងស្ដារលទ្ធភាពពលកម្មវេជ្ជសាស្ត្រចំនួន៣៦ ៦៥៤នាក់។
សូមជម្រាបដែរថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ញិកានិងទទួលបានវិញ្ញាបនបត លើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ ហេតុនេះសរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួល យកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបាន ប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គមទៅតាម មុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និង ទេពកោសល្យរៀងៗខ្លួន៕


