បណ្ឌិត សូ ណារ៉ូ អស់សំណើចផង អាណិតផងចំពោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលទៅថតចម្លងផែនទីព្រំដែនយកមកអួតដូចអស្ចារ្យសម្បើមណាស់!

ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចាត់ទុកការទៅថតចម្លង (ហ្វូតូកូពី) ផែនទីពីបណ្ណាល័យសភាអាមេរិក ដោយគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស ជារឿងគួរឱ្យអស់សំណើច ដែលត្រឹមតែជាល្បិចបោកប្រាស់សាធារណៈជនតែប៉ុណ្ណោះ។

លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្ដម សូ ណារ៉ូ បានលើកឡើងថា «គ្រាន់តែទៅសុំគេថតចម្លង photocopy ផែនទីព្រំដែនដែលមានស្រាប់តម្កល់នៅបណ្ណាល័យសភាអាមេរិក និងនៅប្រទេសបារាំងសោះ ធ្វើដូចជារឿងស្នាដៃអស្ចារ្យជាប្រវត្តិសាស្ត្រសម្បើមណាស់អញ្ចឹង ។ គួរឱ្យអាណិតណាស់ បានត្រឹមតែផែនទីថតចម្លង photocopy ក្នុងដៃ យកមកអួតសុទ្ធតែលើកទី១ជាប្រវត្តិសាស្រ្តដែលតាមពិតអ្នកណាក៏អាចស្នើសុំថតចម្លងផែនទីទាំងនេះបានដែរឱ្យតែស្នើសុំតាមនីតិវិធី»។

ឯកឧត្ដមបានបន្តថា អ្នកអួតបានត្រឹមតែអួតដើម្បីបោកប្រាស់សាធារណៈជនតែប៉ុណ្ណោះដែលជាល្បិចទាក់ទាញចំណាប់អារម្មណ៍របស់ពួកឧទ្ទាមជ្រុលនិយមក្រៅច្បាប់។

«បញ្ជាក់ម្តងទៀត ៖ ពាក្យថាឧទ្ទាមក្រៅច្បាប់ ត្បិតច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាមិនមានចែងអំពីរដ្ឋាភិបាលរត់ចោលស្រុកនោះទេ។ បើបង្កើតរដ្ឋាភិបាលស្រួលដូចបកចេកបែបនេះ តាប៉ាង យាយពក ពូហ៊ុយ នាងពៅ នឹងស្នើសុំបង្កើតរដ្ឋាភិបាលម្នាក់មួយទុកតែងតាំងគ្នាឯងធ្វើរដ្ឋមន្រ្តីខ្យល់គ្រប់ៗគ្នាមិនខាន។ តែប្រយ័ត្នមានទោសព្រហ្មទណ្ឌកម្រិតធ្ងន់ មិនមែនជារឿងលេងសើចនោះទេ សូមកុំប្រថុយ !!!» នេះជាការគូសបញ្ជាក់បន្ថែមរបស់
ឯកឧត្ដម សូ ណារ៉ូ។

គួរកត់សម្គាល់ថា លោក អ៊ំ សំអាន និងបក្ខពួក ដែលតែងតែបង្ហោះញុះញង់ មួលបង្កាច់ដោយគ្មានមូលដ្ឋានអំពីរឿងព្រំដែន ទាំងខ្លួនមិនមែនជាអ្នកជំនាញព្រំដែនទាល់តែសោះ ផ្ទុយទៅវិញគឺជាអ្នកជំនាញខាងនិយាយភូតកុហក និងញុះញង់រឿងព្រំដែនតែប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ ក្រោយឃើញក្រុមប្រឆាំងនៅក្រៅប្រទេស ដើរសុំ Copy ផែនទីពីបណ្ណាល័យអាម៉េរិក ដើរឃោសនានយោបាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យយោបល់ទៅក្រុមប្រឆាំងថា បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ សម្តេចបវរធិបតី ក៏បានប្រកាសបើកទ្វាបង្រៀនក្រុមប្រឆាំងពី «មូលដ្ឋានបច្ចេកទេសផែនទី» ដើម្បីអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុន៕