ព្រះមហាក្សត្រ ក្លាយជាសមាជិកសមាគតនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសក្នុងឱកាសដ៏វិសេសវិសាលនេះ។

ថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានចាត់ទុកការយាងចូលជាសមាជិកសមាគតដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែផ្តល់នូវព្រះកិត្តិយស ខ្ពង់ខ្ពស់ស្រប តាមព្រះកិត្តិគុណវុឌ្ឍដ៏ល្បីល្បាញរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដល់ស្ថាប័នព្រះមហាក្សត្រប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏កម្រក្នុងការបើកស្ទួយនូវកិត្យានុភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ឱ្យទទួលបាននូវកិត្តិសព្ទកាន់តែល្បីល្បាញនៅលើឆាកជាតិ និងអន្តរជាតិថែមទៀតផង។

សូមជម្រាបថា ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅ​បណ្ឌិត្យសភាវិទ្យាសាស្ត្រ។

បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹង​ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bour​darie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែល​ធ្លាប់បាន​ស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះ​ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​​នៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។

បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តី​ស្រ​ឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេស​ឯនា​យ​សមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​ក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេស​ស្ថិតក្រោមអាណា​ព្យាបាលនៅឯនាយសមុទ្រ៕