សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី វៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម(ខេត្តតៃនិញរបស់វៀតណាម) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងជំនួបនេះ, ឯកឧត្តម ផាម មិញជិញ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនេះ, ឯកឧត្តមបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗរបស់កម្ពុជា ក្នុងការធានាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់។
ឯកឧត្តមបានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចបវរធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។
សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
សម្ដេចបវរធិបតីបានបន្តថា ការសម្ពោធបើកច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម នាឱកាសនេះ គឺជាសក្ខីភាព ស្ដែងចេញពី ការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចបវរធិបតី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសវៀតណាម និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះគ្រោះទឹកជំនន់នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឱ្យបាត់បង់អាយុជីវិតប្រជាជន និងខូចខាតទ្រព្យសម្បត្តិ។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធ ដោយផ្ដោតលើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ និងបណ្ដុះបណ្ដាល, សុខាភិបាល, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរ។
លើសពីនេះ សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕


