មជ្ឍមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ​កំពុង​​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ​ដោយសារ​កង​ទ័ព​ថៃបាញ់​​បំផ្លាញ​ 

មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក ​​ឱ្យ​ដឹង​ថា អង្គការ​នេះ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​និង​បច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ជួយ​ដល់​ប្រាសាទ​ខ្មែរ​មួយ​ចំនួន ​ដែល​រងការ​ខូចខាតធ្ងន់​ធ្ងរ​​ដោយ​សារ​តែ​ទាហាន​ថៃ​បាញ់​បំផ្លាញ​ ក្នុង​ពេល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​នៅតាម​ព្រំដែន​​​។​ 

លោក​ Lazare Aloundou Assomo ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភព លោករបស់​អង្គការ​យូណេ​ស្កូ (UNESCO)​បាន​ថ្លែង​តាម​ប្រព័ន្ធ​Video ​ពី​ប្រទេស​បារាំង​ មក​កាន់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣២​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ និង​សំបូរ​ព្រៃ​គុក ​ដែល​ហៅ​កាត់​ថា ​អាយ​ស៊ីស៊ី-អង្គរ/សំបូរ​ព្រៃ​គុក ​​នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០២៥​ថា ប្រទេសកម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​សម្បត្តិ​បេតិក​ភណ្ឌ​ដ៏​សម្បូរ​បែប។ ​លោក​ថ្លែង​ទៀត​ថា អង្គការ​យូណេស្កូ ​ពិត​ជា​កំពុង​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិត​ល្អន់​ ព្រមទាំង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​ផ្ដល់​ជំនួយបច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ការពារ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ទាំងឡាយ​របស់​កម្ពុជា​ទៅ​តាម​លក្ខ​ខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ។​​ 

ការ​ថែ្លង​របស់​នាយក​មជ្ឍមណ្ឌល​បេតិក​ភណ្ឌ​ពិភព​លោក​​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​កង​ទាហាន​ថៃ​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​បាញ់​បំផ្លាញ​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ចំនួន​ដូច​ជា ប្រាសាទ​តាក្របី​ និងប្រាសាទព្រះវិហារ ​នៅ​ពេល​ដែល​មាន​ជម្លោះ​ព្រំដែន​ថ្មីៗ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ អង្គការ​យូណេស្កូ ​ក៏​បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តាន​តឹង​នៃ​ជម្លោះ​ព្រំដែន​ជា​ថ្មី ​រវាង​កម្ពុជា និង​ថៃ ​រួមទាំង​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ​ដែល​ជា​តំបន់​បេតិកភណ្ឌពិភព​លោក​ផង​​ដែរ​។​ 

​អង្គការ​យូណេស្កូ​ក៏​​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​​ មាន​ការ​ការ​ពារ​បេតិក​ភណ្ឌ​វប្បធម៌​របស់​តំបន់​ជា​បន្ទាន់ នូវ​​គ្រប់​ទម្រង់​ទាំង​អស់ ​ជា​ពិសេស គឺ​កាតព្វ​កិច្ច​គោរព​ច្បាប់​អន្តរជាតិ​ ​អនុសញ្ញា​ទី​ក្រុង​ឡាអេ​ឆ្នាំ១៩៥៤​ ស្តីពី​កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ក្នុងករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​អនុសញ្ញា​ឆ្នាំ​១៩៧២​ស្តីពី​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ ​និង​ធម្មជាតិពិភព​លោក៕