ក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ រដ្ឋ និង វិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង ឱ្យបានទាន់ពេលវេលា។
នាពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សាក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន កម្ពុជា ថៃ ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។
បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលវាយប្រហារមកលើវិស័យទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្តសកម្មភាពជាប្រក្រតី និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជួយគាំទ្រប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកនេះ ដែលក្រសួងទេសចរណ៍ សូមដាក់ចេញនូវ រដូវកាលសាមគ្គីភាព (Solidarity Season) ដែលខ្មែរជួយខ្មែរ, ខ្មែរជួយអាជីវកម្មរបស់ខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ៕







