ព្យុហយាត្រា « ដើរដើម្បីសន្តិភាព » របស់កូនខ្មែរកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ បានធ្វើឱ្យកក្រើកពេញក្នុងនិងក្រៅប្រទេស សម្រែកសិល្បករសិល្បការិនីរាប់រយនាក់ជាមួយបងប្អូនប្រជាពលរដ្ឋ កម្ពុជា យ៉ាងច្រើនកុះករ បានលាន់លឺរំពងពេញផ្ទៃប្រទេស ដោយរំពឹងថា កម្ពុជា នឹងទទួលបានសន្តិភាពក្នុងពេលឆាប់ៗ ។
ព្រឹត្តិការណ៍ « ដើរដើម្បីសន្តិភាព » គឺដើម្បីបង្ហាញទៅអន្តរជាតិឱ្យបានដឹងនិងយល់យ៉ាងច្បាស់នូវទឹកចិត្ត និងឆន្ទៈរួបរួមដ៏មុតមាំ របស់បងប្អូនប្រជាជន កម្ពុជា ដែលស្រឡាញ់ និងប្តេជ្ញាចិត្តថែរក្សាសន្តិភាព ។ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ ម៉ៅ ចំណាន បានដឹកនាំសិល្បករសិល្បការិនី ខ្មែរ រាប់រយនាក់ចូលរួមនៅក្នុងព្យុហយាត្រា « ដើរដើម្បីសន្តិភាព » ។
លោកជំទាវថែមទាំងបានមានប្រសាសន៍ថា ព្យុហយាត្រា « ដើរដើម្បីសន្តិភាព » គឺជាសារដ៏ច្បាស់លាស់ទៅកាន់អន្តរជាតិ និងប្រជាជន ថៃ ថា កម្ពុជា ចង់បានសន្តិភាព ការផ្សះផ្សារ និងការរួមរស់ដោយជំនឿទុកចិត្ត ។ វត្តមានរួមគ្នារបស់ប្រជាពលរដ្ឋ គឺជាសក្ខីភាពបញ្ជាក់ថា ខ្មែរយើងតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិ ។
អ្នកនាង នៅ សូនិតា ដែលជាតារាសម្តែងនិងជាអនុប្រធានសមាគមនសិល្បករខ្មែរ ក៏បានបង្ហាញពីចំណាប់របស់របស់អ្នកនាងផងដែរថា « ដើរដើម្បីសន្តិភាព » គឺជាមហាព្រឹត្តិការណ៍ដ៏ធំនិងមានសារៈសំខាន់បំផុត ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមពីការឈ្លានពានរបស់ប្រទេស ថៃ នោះទេ ។ នាងនិងសិល្បករក៏ដូចជាបងប្អូនជាជនខ្មែរទាំងអស់ រំពឹងថា កម្ពុជា នឹងទទួលបានសន្តិភាពក្នុងពេលឆាប់ៗ ៕





