លិខិតចំហ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ លើកហេតុផលជាសារវន្តចំនួន៥ ដើម្បីជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន 

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតចំហមួយទៅកាន់សហគមន៍អន្តរជាតិជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបង្ហាញយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់ប្រទេសថៃ ជាអ្នកឈ្លានពានកម្ពុជា។ សំណេរលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សរសេរជា៣ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

លិខិតចំហ…

-អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, មិនមែនជាការផ្ទុះអាវុធមួយរប៉េះរប៉ោះ, ហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរ ។ តាមពិត, វាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយ ដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកក និងដែល ត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ ។ គោលដៅរបស់បាងកក ដែលប្រើប្រាស់ដំណាលគ្នាកងកម្លាំងជើងគោក, ជើងទឹក, ព្រមទាំងជើងអាកាស គឺឈ្លានពានយកទឹកដីកម្ពុជា, វាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះ។ ក្នុងសង្គ្រាមឈ្លាន ពាននេះ, កងទ័ពថៃវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះ ទេ តែលើប្រជាជនស៊ីវិលស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរ បានបន្សល់ទុក និងដែល មួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោក ។

-មានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖

ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ…

-កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធានិងតូចទាំងមហិច្ឆតា ។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសខ្លាំងជាងខ្លួនដល់ទៅ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជាតែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធលើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥  និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើកម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?

ទី២-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែន តាមផែនទី តាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន…

-ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។ 

ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែ  ថៃធ្វើសង្គ្រាមដើម្បីឈ្លានពានយកទឹកដី…

-ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១, និងជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ, កម្ពុជា បានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាព របស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិហើយគ្មានហេតុផលណា ដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ ២លើករួចមកហើយនេះ, ហើយបែរជាទៅបង្កសង្រ្គាមជាមួយប្រទេសថៃនោះឡើយ។

ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព…

-កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងទៅនេះ, ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភាពពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ,   កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូច នេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកយ៉ាងលំបាកនោះឡើយ។ 

ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា…

-ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា។ ក្នុងន័យនេះ, ថៃប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំងF-16 និង Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, យន្តហោះគ្មានមនុស្សបើក, កាំភ្លើងធំ, កាំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយ, រថក្រោះ, រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់, សាលារៀន, វត្តអារាម, ជំរំជនភៀសខ្លួន, និងលំនៅដ្ឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ, ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។ 

-ផ្អែកលើចំណុចទាំង៥នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា៕