ទោះមានអ្នករិះគន់និងជំទាស់តែ នី មុន្នីនាថ ប្តេជ្ញាចិត្តដឹកនាំការដើរដោយជើងទទេរដើម្បីសន្តិភាព !

នៅទឹកដីខេត្ត សៀមរាប ជាច្រើនសប្តាហ៍ តារាសម្តែង នី មុន្នីនាថ នៅតែប្រឹងបន្តស្វែងរកជំនួយជាថវិការ និងស្បៀង ព្រមទាំងសម្ភារៈផ្សេងៗដើម្បីជួយដល់កងទ័ពជួរមុខនិងបងប្អូនជនភៀសសឹក ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺ នី មុន្នីនាថ បានបន្តដឹកនាំការដើរដោយជើងទទេរដើម្បីសន្តិភាព ទោះបីជាការដើរនេះទទួលរងនូវការរិះគន់និងទំទាស់ពីមហាជនមួយចំនួនក៏ពិតមែន តែនាងនៅបន្តធ្វើការងារនេះ ។ 

គ្រាន់តែ តារាសម្តែង នី មុន្នីនាថ ប្រកាសដើរដោយជើងទទេរភ្លាម បានធ្វើឱ្យមានការរិះគន់ និងមានមតិ ប្រឆាំងជាច្រើន រហូតមានអ្នកខ្លះបានសំណូមពរឱ្យនាងងាកទៅធ្វើការងារផ្សេងវិញល្អជាងធ្វើការងារអត់ប្រយោជន៍នេះ ។ 

មកទល់ពេលនេះតារាសម្តែង នី មុន្នីនាថ នៅតែបន្តការងាររបស់ខ្លួនដែលបានគ្រោងទុក ដោយនាងបាននិយាយថា « ការដើរដោយជើងទទេរដើម្បីសន្តិភាព គឺជាដំណើរសន្តិភាពសាធារណៈមួយដោយអហឹងហ្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យខ្លាំងទីកាន់សហគមន៍អន្តរជាតិ ជាពិសេសជនបរទេស និងភ្ញៀវទេសចរនៅក្រុង សៀមរាប ថា កម្ពុជា គឺជាប្រទេសដែលគាំទ្រសន្តិភាប សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស » ។ 
នី មុន្នីនាថ ក៏បានបញ្ជាក់ប្រាប់ផងដែរថា សម្រាប់ថ្ងៃបរិច្ឆេទក្នុងការធ្វើកម្មវិធី ការដើរដោយជើងទទេរដើម្បីសន្តិភាព នៅខេត្តសៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី ២៤ ខែ ធ្ន ឆ្នាំ ២០២៥ ចាប់ផ្តើមនៅម៉ោង៧ល្ងាច តាមបណ្តោយផ្លូវសាធារណៈក្នុងក្រុង សៀមរាប រហូតដល់ម៉ោង ៨ និង ២០នាទីយប់ ដែលមានចម្ងាយ ៥,១៨គីឡូម៉ែត្រ ។ នាងគឺជាអ្នកដឹកនាំកម្មវិធីនេះដោយផ្ទាល់នាងរំពឹងថានឹងមានអ្នកចូលរួមដល់ទៅ ១០០០នាក់ ក្រៅពីដើរដោយជើងទទេរ បងប្អូនត្រូវមានទៀនម្នាក់មួយដើមផងដែរ ដើម្បីបង្ហាញនិងបញ្ជូនសារដ៏ច្បាស់ទៅកាន់ពិភពលោកថា កម្ពុជា ត្រូវការសន្តិភាព , ពិភពលោកត្រូវការសន្តិភាព , មនុស្សជាតិត្រូវការសន្តិភាព ។

ទោះបីជាមានការរិះគន់ពីមហាជនមួយចំនួនក្នុងការរៀបចំកម្មវិធីដើរដោយជើងទទេរនេះក្តី នី មុន្នីនាថ នៅតែប្តេជ្ញាចិត្ត បន្តការងារនេះតទៅមុខតាមគម្រោងដែលបានគ្រោងទុក ៕