«ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ ទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិងពីន ផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ។
ឯកអគ្គរដ្ឋទូតចិនលើកឡើងថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។
«ចិន សង្ឃឹមថា កម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន»។ នេះបើតាមឯកអគ្គរដ្ឋទូតចិន។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសចិនលោក Deng Xijun បានធ្វើដំណើរទស្សនកិច្ចការទូតមួយទៀតមកកាន់ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែន ដែលយោធាថៃឈ្លានពានមកលើប្រទេសកម្ពុជា មានរយៈពេល ១៨ថ្ងៃហើយ៕



