ឯកឧត្តម ប្រាក់ សោភ័ណ៖ ការធ្វើពហិការគឺការជាស្ម័គ្រចិត្តរបស់យើងម្នាក់់ៗ តែការញុះញុងឱ្យស្អប់ជាតិសាសន៍ទាំងមូលគឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្លូតត្រង់ស្រលាញ់សន្តិភាពដូចពួកយើងដែរ

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ចេញមតិជុំវិញការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋមួយចំនួន ដែលហាក់បីដូចជាការញុះញង់ស្អប់ជាតិសាសន៍ទាំងមូល និងអយុត្តិធម៌សម្រាប់អ្នករកស៊ីស្លូតត្រង់ដែលស្រលាញ់សន្តិភាពដូចពលរដ្ឋកម្ពុជាដែរ។

តាមរយៈសំណេរលើគណនីហេ្វសប៊ុកនៅយប់ថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានរៀបរាប់ដូច្នេះថា៖ «សួរខ្ញុំថាមានការឈឺចាប់ទេដែលថៃធ្វើបាបខ្មែរមកដល់នេះ? ខ្ញុំជាអ្នកធ្លាប់ចូលចិត្តញាំម្ហូបថៃ ស្តាប់បទចំរៀងថៃតាំងពីក្មេង ចង់អោយប្រទេសខ្មែរមានបានជឿងលឿនដូចអ្នកជិតខាង តែគ្រប់យ៉ាងបានផ្លាស់ប្តូរអារម្មណ៍ដែលខ្ញុំធ្លាប់មានដោយសារឈឺចាប់មិនអាចរៀបរាប់អស់។
ខ្ញុំជឿថាមកដល់ម៉ោងនេះមានប្រជាជនយើងច្រើនណាស់បានប្រកាសធ្វើពហិការមិនប្រើរបស់ថៃ គឺជាការសម្រេចចិត្តរៀងខ្លួន ។ ខ្ញុំមិនដែលបានប្រកាស់ដូចបងប្អូន តែផ្ទះខ្ញុំលែងមានរបស់ថៃ សូម្បីតែអាវក្ងានមវាលក្លៀកក៏ចោល ច្រាស់និងថ្នាំថ្មាំដុះធ្មេញគ្រឿងក្នុងបន្ទប់ទឹកដូរចេញទាំងអស់ គ្រឿងទេសក្នុងចង្ក្រានបាយត្រូវបានរើចេញចោលអស់ហើយ ទៅហាងគុយទាវខ្ញុំត្រូវកាន់មីជាតិទៅអោយគេធ្វើអោយ ជាសិទ្ធិរបស់ខ្ញុំ»។

ឯកឧត្តម បានគូសបញ្ជាក់ថា ការធ្វើពហិការគឺការជាស្ម័គ្រចិត្តរបស់យើងម្នាក់់ៗ តែការញុះញុងអោយស្អប់ជាតិសាសន៍ទាំងមូលគឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្លូតត្រង់ស្រលាញ់សន្តិភាពដូចពួកយើងដែរ ។

អភិបាលខេត្តរូបនេះ បានបន្តថា៖«ហាងកាហ្វេដែលនៅប្រើកែវថៃ ទឺកដោះគោថៃ បំពង់បើតថៃ គួរចូលអត់? ហាងបាយដែលនៅប្រើគ្រឿងទេសថៃ គួរចូលញាំអត់? ផ្ទះយើងដែលធ្លាប់ប្រើទុយយោរទឺកថៃ សុីម៉ង់ថៃគួរវៃចោលធ្វើថ្មីអត់? តើបងប្អូនមានដឹងថាមានខ្មែរដែលកំពុងរកសុីនៅថៃប៉ុន្មានមុឺននាក់? តើបងប្អូនខ្មែរដែលកំពុងធ្វើការនៅថៃសល់ប៉ុន្មានសែននាក់? មិត្តភក្តិ សាច់ញាតិរបស់យើងដែលនៅប្រើរបស់ថៃដែលនៅសេះសល់គួរស្អប់ពួកគាត់រឺកាត់កាលចោលអត់? បើស្អប់ជាតិមួយនោះខ្លាំង យើងគួរពង្រឹងខ្លួនឯងអោយខ្លាំង កាត់បន្ថយម្តងបន្តិចៗការប្រើប្រាស់របស់គេជំនួសដោយរបស់យើង រៀនស្មោះត្រង់ជាមួយជាតិយើង គាំទ្ររបស់ជាតិ អ្នកលក់ក៏ត្រូវអត់ធ្មត់មិនកេងចំណេញពេលដែលប្រជាជនចាប់ផ្តើមស្រលាញ់ផលិតផលជាតិ។ ខ្ញុំនៅតែការពារប្រជាជនថៃនិងបងប្អូនដែលមានគ្រួសារជាសញ្ជាតិថៃ ដើម្បីអោយថៃការពារប្រជាជនខ្មែរដែលរស់នៅប្រទេសថៃ។ សូមបញ្ជាក់ Nick គឺជាជនជាតិខ្មែរដែលតែងខិតខំរកសុីដើម្បីជីវិតគ្រួសារគាត់»៕