បារាំង អំពាវនាវឲ្យកម្ពុជានិងថៃ បន្តដោះ​​ស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ

ប្រទេសបារាំង ស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលបានជាប់ឃុំនៅប្រទេសថៃ ចាប់ពីតាំងខែកក្កដា។

ប្រទេសបារាំង បានចាត់ទុក ការវិលត្រលប់របស់ទាហានកម្ពុជាទាំង១៨រូប គឺឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ។

ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការ​ប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។

ប្រទេសបារាំង អំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី ដែលគោរពច្បាប់អន្តរជាតិ និងដែលធានាការការពារប្រជាជនស៊ីវិលនៃព្រំដែនទាំងសងខាង។ រួម​ជាមួយ​ប្រ​ទេស​ទាំងពីរ និងប្រធានអាស៊ាន ប្រទេសបារាំងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពមួយប្រកបដោយចីរភាព៕