ទេព បូព្រឹក្ស និង ជី ដេវីត សុំលេងឈុតធំ«ខ្លឹមនៃព្រះនគរ»ដាស់ស្មារតីស្នេហាជាតិ និងវប្បធម៌ !

តារាចម្រៀងរ៉េបប្តីប្រពន្ធ ជី ដេវីត និង ទេព បូព្រឹក្ស សុំលេងឈុតធំឱ្យកក្រើកដើមឆ្នាំ២០២៦នេះ ដែលមានឈ្មោះថា « ខ្លឹមនៃព្រះនគរ » ដើម្បីដាស់ស្មារតីស្នេហាជាតិ និងវប្បធម៌ ។

តារាចម្រៀងរ៉េបស្វាមីភរិយា ជី ដេវីត បានផ្អាកការរៀបចំប្រគំតន្រ្តីធំៗចំនួន២លើកមកហើយកាលពីបំណាច់ឆ្នាំ២០២៥ បន្ទាប់ពីមានការឈ្លានពានរបស់កងទ័ព ថៃ មកលើទឹកដី កម្ពុជា ដោយឡែកនៅដើមឆ្នាំ២០២៦នេះ អ្នកទាំងពីរបានប្រកាសរៀបចំការប្រគំតន្រ្តីជាថ្មីម្តងទៀត បន្ទាប់ពីសង្រ្គាមនៅព្រំដែនមានការស្ងប់ស្ងាត់ ។

តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានបញ្ជាក់ប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៦ នេះថា ពួកគេនឹងចំមហាព្រឹត្តិការណ៍ផ្ទាំងទស្សនីយភាពវប្បធម៌ « ខ្លឹមនៃព្រះនគរ » ដើម្បីដាស់នូវស្មារតីស្នេហាជាតិ និងវប្បធម៌ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៦ នេះ ។

ព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនរគ » ដែលត្រៀមរៀបចំឡើងដោយគូស្វាមីភរិយា ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវបានរំពឹងថា នឹងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ពីព្រោះក្នុងកម្មវិធីនេះមានការរៀបចំឡើងយ៉ាងសម្រិតសម្រាំង និងមានអ្វីពិសេសៗជាច្រើនដើម្បីធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ។

គួររំលឹកផងដែរថា តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ធ្លាប់រៀបចំការប្រគំតន្រ្តីធំម្តងរួចមកហើយក្នុងការសម្ពោធអាល់ប៊ុមចម្រៀង « ទេវរាជ » ដែលធ្វើផ្ទុះកក្រើកទាំងក្នុងនិងក្រៅប្រទេស ។ ទេព បូព្រឹក្ស ថែមទាំងបានអំពាវនាវឱ្យបងប្អូនជនរួមឈាម ចូលរួមទាំងអស់គ្នាដើម្បីរួមគ្នាផ្សព្វផ្សាយ ឱ្យកាន់តែខ្លាំងនូវប្បធម៌របស់ជាតិយើង កម្មវិធីនេះគឺជាកម្មវិធីរបស់យើងទាំងអស់គ្នា ៕