កម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹករាប់សិបម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញប្រាប់តំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។  

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ចពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗ សំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្តារសន្តិភាព និងភាពប្រក្រតីឡើងវិញ ក្នុងនោះរួមមាន បទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការព្រមព្រៀងដើម្បីធានាឱ្យជនភៀសសឹកផ្ទៃក្នុងប្រទេសអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង និងការប្តេជ្ញាចិត្តឡើងវិញ ចំពោះដំណោះ ស្រាយជម្លោះដោយសន្តិវិធី តាមរយៈការដោះស្រាយឫសគល់នៃជម្លោះ រួមទាំងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក។

ទោះយ៉ាងណាក្ដី ឯកឧត្តមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅតាមមូលដ្ឋានជាច្រើនក្នុងខេត្តចំនួនបួនរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិល និងវិលត្រឡប់ចូលទៅតំបន់ទាំងនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យសកម្មភាពជាក់ស្តែង ដើរស្របនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងគោលការណ៍អន្តរជាតិពាក់ព័ន្ធ ក៏ដូចជាស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន។

ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែមករា មានជនភៀសសឹក ១៦ ៧៥៦នាក់ បន្ថែមទៀត បាន បន្ត វិលត្រឡប់ ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមា ណ ៤សែន ៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹក សរុបជាង៦សែន៤ម៉ឺន នាក់។ ក្នុងនោះមានជនភៀសសឹកចំនួន ១៨៦ ៧៦០នាក់ បន្តស្នាក់នៅជំរំ៕