ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទព្រះវិហារ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃបំផ្លាញ

ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានយោធាថៃធ្វើការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកខូចខាតយ៉ាងដំណំនៅក្នុងសង្រ្គាមយោធាថៃឈ្លានពានប្រទេសកម្ពុជា ទាំងលើកទី១ និងទី២។

តាមរយៈសេចក្តីប្រកាសព័ត៌មានស្ដីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ នៅថ្ងៃទី១២មករានេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការខូចខាតនេះបានកត់ត្រាចងក្រង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២ កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។

ដោយឡែកសហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០ កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

បើតាមក្រសួងវប្បធម៌ ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាត ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ក្រសួងវប្បធម៌បញ្ជាក់បន្ថែមថា ការខូចខាតទាំងនេះគឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ៕