ហ្វូងក្ងោកបៃតង ចំនួនប្រមាណ២០ក្បាល ត្រូវបានប្រទះឃើញនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ បើតាមក្រសួងបរិស្ថានបានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សបានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន បានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត(SMART) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតង ចំនួនប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា ក្ងោកបៃតង ឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖ Pavo muticus )៖ ក្ងោកឈ្មោលមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចជាភ្នែករាប់រយ ហើយញីមានរូបរាងស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាងនិងមានកន្ទុយខ្លី។
ក្ងោកមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃឬស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ក្ងោកស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ តាមចំណាត់ប្រទេសកម្ពុជា និងបានចុះក្នុងបញ្ជីក្រហមអាយូស៊ីអិន IUCN (EN) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញាសាយតេស CITES។
ជាមួយគ្នានេះក្ងោកកំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ទីជម្រក។ ប៉ុន្តែការរស់នៅសុខសាន្តរបស់ប្រភេទជីវៈចម្រុះនេះ បានបញ្ជាក់ឱ្យឃើញថាសត្វព្រៃនិងជីវៈចម្រុះផ្សេងៗទៀត នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានការពារនិងថែរក្សាបានល្អ និងធ្វើឱ្យមានវត្តមានសត្វព្រៃកើនឡើងផងដែរ។
ក្រសួងបរិស្ថាន បានចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ៕



