កម្ពុជាបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ។ កម្ពុជាជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួន។

នៅក្នុងពេលធ្វើបច្ចុប្បន្នភាពស្តីពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ កាលព្រឹកថ្ងៃទី១៤ ខែមករា លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។
លោកបន្តថា កម្ពុជាក៏បានជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញ ព្រមទាំងបញ្ឈប់រាល់វិធានការនានាក្នុងចេតនាពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជាដែលយោធាថៃបានប្រើកម្លាំងដើម្បីកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរដោយផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
យោងតាមសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
បន្ថែមទៀតនោះ ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងគោលដៅ ស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និង ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ៕


