នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួល(១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង (២)ទឹកបរិសុទ្ធ ចំនួន ៥០០កេស ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសមាជិក សមាជិកាចំនួន ១២៩ នាក់ ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំ ។
ស្ថិតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមឧកញ៉ាកម្ពុជា ដែលតែងតែបានចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា ។ ជាក់ស្តែងថ្ងៃនេះ ជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមឧកញ៉ាកម្ពុជា បានរៃអង្គាសថវិកាចំនួន ១.០០៥.០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និងសរុបទាំងបីលើកមានចំនួន ៣.៦៤៦.៧៦៣ (បីលាន ប្រាំមួយរយសែសិបប្រាំមួយពាន់ ប្រាំពីរយហុកសិបបី) ដុល្លារអាមេរិចគត់ ។ កន្លងមកសង្កេតឃើញថា សមាគមឧកញ៉ាកម្ពុជាបានចុះជួយជនភៀសសឹកដោយផ្ទាល់ និងការជួយឧបត្ថម្ភថវិការំលែកទុក្ខជូនក្រុមគ្រួសារវីរយុទ្ធជនពលី ដែលនេះជាទឹកចិត្តសប្បុរសដ៏ធំធេង ក្នុងស្មារតី ខ្មែរជួយខ្មែរ ៕







