អ្នកស្រី ម៉ីសន សុធារី៖ សម្តេច នរោត្តម សីហនុ ទ្រង់ប្រើយុទ្ធសាស្ត្រអស្ចារ្យ ៣យ៉ាងទប់ទល់ការឈ្លានពានរបស់ថៃ

ខណៈយោធាថៃបន្តធ្វើសកម្មភាពរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងរួមគ្នារវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាសេនារីយោរបស់ភាគីថៃយកតាមលំអានចាស់កាលពីជាង ៧០ឆ្នាំមុន។ ពេលនោះថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហារដោយកម្លាំងបាយ។ ប្រជាជនខ្មែរនៅសម័យនោះ មានការខឹងសម្បារផង ឈឺចាប់ និងភ័យខ្លាចបាត់បង់ទឹកដីដូនតាផង ព្រោះថៃមានកងទ័ពច្រើនជាង អាវុធទំនើបជាងឆ្ងាយណាស់។

អ្នកស្រី ម៉ីសន សុធារី អតីតដឹកនាំស្ថាប័នសារព័ត៌មាន និងបច្ចុប្បន្នជាអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធផង បានលើកឡើងថា កាលពីជាង ៧០ ឆ្នាំមុន (ក្នុងឆ្នាំ ១៩៥៤) ស្ថានភាពនៅកម្ពុជាក៏មានភាពតានតឹងមិនខុសពីពេលនេះដែរ។ នៅពេលនោះ ប្រទេសថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហាររបស់យើងដោយកម្លាំងបាយ។ ប្រជាជនខ្មែរនៅសម័យនោះ មានការខឹងសម្បារផង ឈឺចាប់ និងភ័យខ្លាចបាត់បង់ទឹកដីដូនតាផង ព្រោះថៃមានកងទ័ពច្រើនជាង អាវុធទំនើបជាងយើងឆ្ងាយណាស់។

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៩មករានេះ អ្នកស្រី ម៉ីសន សុធារី បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនោះ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មិនបានបញ្ជូនកងទ័ពទៅប្តូរឈាមភ្លាមៗដោយអារម្មណ៍ឆេវឆាវនោះទេ។ ទ្រង់បានប្រើយុទ្ធសាស្ត្រយ៉ាងអស្ចារ្យ៖

១. ប្រើផែនទី និងឯកសារ

ទ្រង់ប្រមូលឯកសារប្រវត្តិសាស្ត្រសម័យបារាំង មកបង្ហាញពិភពលោក។ គឺយើងមិនមែននិយាយតែមាត់ថា “ដីនោះជារបស់យើង” ទេ ប៉ុន្តែយើងបង្ហាញ “ភស្តុតាងដែលមិនអាចប្រកែកបាន”។

២. ការអត់ធ្មត់អស់រយៈពេល ៩ ឆ្នាំ

 រាស្ត្រខ្មែរសម័យនោះភាគច្រើនបានអស់សង្ឃឹម ខ្លះខឹងថាហេតុអ្វីមិនវៃយកវិញ? ប៉ុន្តែថ្នាក់ដឹកនាំជ្រាបថា បើវៃគ្នានឹងខាតបង់ជីវិតកូនខ្មែរច្រើន ហើយពិភពលោកនឹងមើលមកយើងក្នុងភាពអវិជ្ជមាន។

៣. ជ័យជម្នះដោយសន្តិវិធី៖

 នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការអន្តរជាតិបានសម្រេចឱ្យខ្មែរឈ្នះក្តី។ កងទ័ពថៃត្រូវបង្ខំចិត្តដកថយចេញពីប្រាសាទព្រះវិហារទាំងអាម៉ាស និងចងគំនុំ ទោះបីពួកគេមានកាំភ្លើងក្នុងដៃច្រើនជាងយើងក៏ដោយ។

រឿងនេះបង្រៀនយើងអ្វីខ្លះ?

អ្នកស្រី ម៉ីសន សុធារី បានថ្លែងថា «សម្រាប់ខ្ញុំ ចោរតជំនាន់សៀម នៅគ្រានេះអាងងា មហាអំណាចរវល់ ចង់លេងស្ទីលត្រីងៀតឆ្លៀតពង តែកាលបើដីនោះជារបស់យើង គេគង់តែនឹងត្រូវចេញទៅវិញដោយភាពខ្មាសអៀនហើយសងសំណងទៀត»។ អ្នកស្រីបន្តថា ៩ឆ្នាំ សម្តេចតា ភាពស្ងប់ស្ងាត់គឺជាអំណាច! ការដែលយើងមិនទាន់តបតដោយអាវុធ មិនមែនមានន័យថាយើង “ខ្សោយ” នោះទេ ប៉ុន្តែយើងកំពុងប្រើ “បញ្ញា” ដើម្បីការពារជីវិតកូនខ្មែរ និងការពារទឹកដីឱ្យបានគង់វង្សយូរអង្វែង។

អ្នកស្រីគូសបញ្ជាក់ថា «យើងធ្លាប់ឆ្លងកាត់រឿងនេះរួចហើយ៖ នេះមិនមែនជាលើកទីមួយទេដែលយើងជួបព្យុះភ្លៀងបែបនេះ។ ដូនតាខ្មែរបានឆ្លងកាត់ការសាកល្បងច្រើនណាស់ ហើយ»៕

5
Promotion