ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានជាង ៧២%ហើយ

ដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលជាង ១៣ខែកន្លងមកនេះ សម្រេចបាន ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរីសម្រេចបាន ៥១,៨១%។ 

បើតាមក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) កាលពីថ្ងៃទី២ ខែកុម្ភៈ សម្រេចបានការឈូសព្រៃទទឹងសម្រាប់រកផ្លូវខ្សែដំបូង ឈូសព្រៃទទឹងសម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោតភ្នំ ធ្វើប្រឡាយ ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងទំនប់សុវត្ថិភាព ចាក់ក្រាលល្បាកម្ទេចថ្ម-កិនបង្ហាប់។

សម្រាប់ការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ជាង ៦លានម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ជាង៦លាន ២សែនម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។

ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦កន្លែង លើផែនការ ៨ កន្លែង និងបានដាំកូនត្នោតសរុបចំនួន ៩៣៦ដើម ដែលជាអត្តសញ្ញាណជាតិ តាមបណ្ដោយផ្លូវខ្សែក្រវាត់ព្រំដែនទី១។ 

ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខ នេះ, ពន្លឿនការងារកសាងផ្លូវ និងចាក់ក្រាលល្បាយថ្ម ជាពិសេសនៅតំបន់ដែលមានស្ថានភាពភូមិសាស្ត្រ លំបាក, និងកែលម្អសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព ភាពធន់ និងសោភ័ណភាព៕

5
Promotion