ឥណ្ឌា ផ្តល់ជំនួយឥតសំណង​ជិត ១០ម៉ឺនដុល្លារអាម៉េរិក​ដល់កម្ពុជា​ ដើម្បី​ព​ង្រឹងសមត្ថភាព​តាមដានអាកាសធាតុ​​ក្នុងខេត្តសៀមរាប

ប្រទេសឥណ្ឌា បានផ្តល់ជំនួយឥតសំណងចំនួន​ជិត១០ម៉ឺន​ដុល្លារអាម៉េរិក​ដល់កម្ពុជា​ ​លើគម្រោង​ពង្រឹងសមត្ថភាព​តាមដានអាកាសធាតុ​​ នៅ​ក្នុងខេត្តសៀមរាប ដើម្បី​ជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នាលើការផ្តល់ជំនួយនេះ បានធ្វើឡើងដោយឯកឧត្តម​ Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ និង​ឯកឧត្តម​ ប៊ុន ហ៊ាន​ រដ្ឋលេខាធិការ​ ក្រសួងធនធានទឹក និង​ឧតុនិយម​ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង។

តាមរយៈជំនួបពិភាក្សាជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា​​រវាងកម្ពុជា និង​ឥណ្ឌា ដើម្បី​​អភិវឌ្ឍន៍​វិស័យធនធានទឹក និង​ឧតុនិយម​នៅកម្ពុជា។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម​ Vanlalvawna Bawitlung ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា​ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើន​ជាបន្តបន្ទាប់ទៀត៕

5
Promotion