ប្រទះឃើញ កូនផ្សោតថ្មី១ក្បាល នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី​ ខេត្តក្រចេះ

កូនផ្សោតថ្មី១ក្បាល ដែលកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាព នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរបញ្ជាក់ថា គិតមកដល់ត្រឹមដើមឆ្នាំ២០២៦នេះ សត្វផ្សោតទន្លេមេគង្គ មានចំនួនសរុប ១១៣ក្បាល។ សត្វផ្សោត ត្រូវ រាជរដ្ឋាភិបាល ចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។

ក្រៅពីមានតម្លៃផ្នែកទេសចរណ៍ វត្តមានសត្វផ្សោតទន្លេមេគង្គ កំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូ ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្ស៕

5
Promotion