អាជ្ញាធរកម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលរយៈពេល ៣ ម៉ោង ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ នៅថ្ងៃទី ២៤ ខែមិថុនានេះ ដើម្បីឲ្យពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនពេលបិទខ្ទប់ច្រកទ្វារទាំងស្រុង និងបញ្ឈប់ការឆ្លងកាត់ទៅវិញទៅមកទាំងអស់។
ពលរដ្ឋនៃប្រទេសទាំងពីរ ត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញអស់ ត្រឹមម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ពិសេសប្រជាពលរដ្ឋខ្មែរដែលប្រកបអាជីវកម្មនៅផ្សាររ៉ុងកឿ និងអ្នកធ្វើការនៅក្នុងប្រទេសថៃ។
ដោយឡែក សម្រាប់ជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ជាពិសេសនៅ ប៉ោយប៉ែត ក៏ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញដូចគ្នា។ នៅម៉ោងដូចគ្នានេះ សម្រាប់រថយន្ដ នៃប្រទេសទាំងពីរ ក៏ត្រូវបើកត្រឡប់ទៅប្រទេសរៀងៗខ្លួនផងដែរ តែមិនអនុញ្ញាតឲ្យមានដឹកទំនិញអ្វីទាំងអស់។
ក្រៅពីនេះ នៅច្រកទ្វារតំបន់ដែលមាននៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ភាគីកម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹមម៉ោង១ប៉ុណ្ណោះ ពោលនៅម៉ោង៥ ដល់ម៉ោង៦ល្ងាច ថ្ងៃនេះ ពលរដ្ឋត្រូវវិលត្រឡប់ ចូលប្រទេសរៀងៗខ្លួនវិញ ហើយបញ្ឈប់ឲ្យមានការចេញចូលឆ្លងកាត់បន្ដទៀត។
សូមជម្រាបថា ក្រុមយោធាថៃបានសម្រេចចិត្តដោយឯកតោភាគីបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ និងមិនអនុញ្ញាតឲ្យមានមធ្យោបាយដឹកជញ្ជូនទំនិញ ឬអ្នកដំណើរចេញចូលដូចប្រក្រតីនោះទេ៕
ដោយ៖ ផុន លីហ្សា


