សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស និងសប្បុរសជននានា បានរៀបចំអំណោយផ្ដល់ជូនវីរកងទ័ព កំពុងឈរការពារបូរណភាពទឹកដីនៅទិសថ្មដា ភូមិភាគ៥។
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលថា ការនាំយកអំណោយផ្ដល់ជូនដល់វីរកងទ័ពជាបន្តបន្ទាប់នេះ គឺបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តទៅដល់វីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី និងបានបង្ហាញពីកម្លាំងសាមគ្គីជាតិខ្មែរ ប្រឆាំងទៅនឹងអំពើឈ្លានពាន ។
ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ មានព្រះរាជបន្ទួលបន្តថា បានបង្ហាញនូវជំនឿមុតមាំ ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅរដ្ឋធានីវ៉ស៊ីនតោន សហរដ្ឋអាមេរិក នឹងមានជំនួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ក្នុងការស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ធ្វើប្រទេសកម្ពុជាមានភាពសុខសាន្ត បញ្ចប់នូវសង្គ្រាមព្រំដែន ។
ក្នុងឱកាសនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះរាជបន្ទួលបួងសួង ដល់គុណព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងវត្ថុសក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាប្រទេសកម្ពុជា ថ្នាក់ដឹកនាំ ប្រជាជន និងវីរកងទ័ពកម្ពុជា ជួបតែសេចក្តីសុខសេចក្តីចម្រើន និងបន្តរស់នៅក្នុងសន្តិភាពរហូតទៅ ។
គួរបញ្ជាក់ថា ជាបន្តបន្ទាប់ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក រួមទាំងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន តែងតែនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៅផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ និងអ្នកភៀសសឹក ដើម្បីបង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាល ទឹកចិត្តស្នេហារជាតិ សាមគ្គីជាតិ និងការពារទឹកដីឲ្យបានគង់វង្ស៕






