ប្រលូកក្នុងសិល្បៈជាច្រើនឆ្នាំតារាសម្តែង ឈិន ម៉ានិច្ច បានតស៊ូយ៉ាងខ្លាំងក្លាក្នុងវិស័យនេះដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិត ចុងក្រោយនេះនាងទទួលបានដូចអ្វីដែលខ្លួនប៉ងប្រាថ្នា ថែមទាំងបានបង្ហាញពីចំណងស្នេហ៍អាថ៌កំបាំង៧ឆ្នាំរបស់ខ្លួនផងដែរ ។

តារាចម្រៀង ឈិន ម៉ានិច្ច គឺជាកូនអ្នកខេត្ត កំពង់ស្ពឺ បើទោះបីជានាងបានមកសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញនៅទីក្រុង ភ្នំពេញ ប៉ុន្តែនាងតែងតែធ្វើដំណើរទៅផ្ទះនៅ កំពង់ស្ពឺ មិនដែលខាន ។ ជាច្រើនឆ្នាំក្រោយពីតស៊ូក្នុងសិល្បៈ នាងក៏បានសាងសង់ផ្ទះថ្មីសម្រាប់ក្រុមគ្រួសារ និងបានទិញរថយន្តទំនើប សម្រាប់ខ្លួនឯងផងដែរ ជាពិសេសនាងថែមទាំងបានទិញផ្ទះថ្មីនៅក្នុងទីក្រុងភ្នំពេញ ដើម្បីរស់នៅផងដែរ ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះ ឈិន ម៉ានិច្ច ថែមទាំងបានបង្កើតអាជីវកម្មមួយដែលសហការជាមួយអ្នកនៅក្រៅប្រទេស ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះនាងឧស្សាហ៍ចេញចូលក្រៅប្រទេសណាស់ ។ អាជីវកម្មនេះកំពុងធ្វើឱ្យជីវិត ឈិន ម៉ានិច្ច កាន់តែល្អប្រសើរឡើង បន្ថែមពីអាជីពចម្រៀង ។
កញ្ញា ឈិន ម៉ានិច្ច បាននិយាយា ការងារដែលបានលុយ នាងទទួលធ្វើទាំងអស់ មិនថាការងារចម្រៀង មិនថាការងារថតស្ពត ឬ មួយរបររកស៊ីអ្វីក៏ដោយ ឱ្យតែបានប្រាក់ចំណូលគឺនាងមិនដែលរុញរាឡើយ ។
ទន្ទឹមនិងជីវភាពគ្រួសារកាន់តែល្អប្រសើរ ឈិន ម៉ានិច្ច ក៏ចង់រៀបការមានគូស្រករនិងគេដែរ ជាក់ស្តែងថ្មីៗនេះនាងបានបង្ហើបប្រាប់ពីអាថ៌កំបាំងស្នេហ៍៧ឆ្នាំរបស់ខ្លួនជាមួយបុរសម្នាក់ ដែលត្រៀមនឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗ ។
ឈិន ម៉ានិច្ច ថែមទាំងបាននិយាយថា « ក្នុងជីវិតមនុស្សម្នាក់ៗ បើមាននរណាម្នាក់ដែលយើងអាចទុកចិត្ត ស្រឡាញ់ និងគាំទ្រគ្នា ទាំងពេលល្អ និងពេលលំបាក គឺជារឿងសំខាន់។ ហើយការទទួលបាននារីល្អម្នាក់ជាគូជីវិត ក៏នឹងក្លាយជាអំណោយដ៏មានតម្លៃបំផុតក្នុងជីវិតអ្នកផងដែរ » ។
ជារៀងរាល់ឆ្នាំ ឈិន ម៉ានិច្ច តែងតែផ្តល់កាដូសម្រាប់ខ្លួនឯក្នុងការចេញទៅកម្សាន្ត និងសាកថ្មីជីវិតនៅក្រៅប្រទេស បន្ទាប់ពីជីវភាពក្នុងគ្រួសារចាប់ផ្តើមល្អប្រសើរ ៕





