កម្ពុជា បដិសេធយ៉ាងដាច់អហ​ង្ការចំពោះការចោទរបស់ថៃ ដែលថាកម្ពុ​ជា​​បានប្រើប្រា​ស់ប្រាសាទព្រះវិហារ ធ្វើជាមូលដ្ឋានយោធា

​កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងថ្មីៗនេះរបស់រដ្ឋមន្ត្រីការបទេសថៃ ដែលថាប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាធ្វើជាមូលដ្ឋានយោធា។

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកល​របស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជា តែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំង​នេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា វត្តមានរបស់ឆ្នាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ នៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹង តម្រូវការនៃការអភិរក្សការពារទីតាំងនោះ។

ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថាជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែល មាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់ សហគមន៍អន្តរជាតិ៕

5
Promotion