ប៉ុន្មានថ្ងៃនេះ តាមបណ្តាញសង្គម នៅតែផ្ទុះរឿងម្តាយឪពុកបង្កើត ចេញវិដេអូមកចោទប្រកាន់កូនស្រីខ្លួនឯង និងកូនប្រសារ ដែលជាប្រធានតុលាការខេត្តព្រះវិហារ លោក យុត ពន្លឺ ថាបានរំលោភយកដីទំហំជាង ១០ហិចតានៅម្តុំបាសិត និងប្តឹងគាត់ថែមទៀតផង។ ព័ត៌មាននេះជាការពិតទេ? karpit news បានព្យាយាមធ្វើទំនាក់ទំនងទៅកាន់មន្រ្តីតុលាការខេត្តព្រះវិហារ ប៉ុន្តែពុំទាន់មានមន្រ្តីរូបណាលើកទូរសព្ទ័នៅឡើយទេ។
តើក្រសួងយុត្តិធម៌ដឹងរឿងនេះទេ និងមានការឆ្លើយតបយ៉ាងណា?
លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់ karpit news តាមប្រព័ន្ធតេឡេក្រាមថា រឿងនេះមិនទាន់ដឹងថាពិត ឬមិនពិតទេ ប៉ុន្តែតាមទិដ្ឋភាពច្បាប់ថា បើសិនជាមានវិវាទណាមួយ ដែលគូភាគីមិនអាចដោះស្រាយដោយខ្លួនឯងបានទេ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ ទៅតាមនីតិវិធីជាធរមាន។
លោក សេង ឌីណា បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនអាចវិនិច្ឆ័យថា វិវាទដែលបានលើកឡើងខាងលើនេះ ជារឿងពិត ឬមិនពិតទេ ហើយវាគ្រាន់តែជាការលើកឡើង ដោយភាគីម្ខាងតែប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់បញ្ជាក់ទៅតាមទិដ្ឋភាពច្បាប់ថា បើសិនជាមានវិវាទណាមួយ ដែលគូភាគីមិនអាចដោះស្រាយដោយខ្លួនឯងបានទេ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ ទៅតាមនីតិវិធីជាធរមាន។ អ្នកចោទប្រកាន់ថាគេរំលោភយកដី អាចប្តឹងទៅតុលាការ ដោយបង្ហាញនូវភស្តុតាងដែលបញ្ជាក់ពីការចោទប្រកាន់របស់ខ្លួន ហើយបើពេលប្តឹងទៅតុលាការ, ភាគីយល់ឃើញថា ចំណាត់ការរបស់តុលាការមានភាពមិនប្រក្រតី គឺអាចដាក់ពាក្យបណ្តឹងមកយុទ្ធនាការក្រសួងយុត្តិធម៌ ដើម្បីសុំឲ្យត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការបាន។ម្យ៉ាងទៀត ខ្ញុំចង់បញ្ជាក់បន្ថែមថា យុត្តិធម៌ ឬអយុត្តិធម៌ គឺវាមិនចំណុះឲ្យការលើកឡើងដោយភាគីណាមួយទេ តែវាអាស្រ័យលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង»៕

