ផ្អាកការងារនាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំអណ្តូងស្នាយ ខេត្តកំពង់​ឆ្នាំង បណ្តោះ​អាសន្ត ដើម្បីស៊ើបអង្កេតលើករណីប្រើអំពើហិង្សា

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានគណនីហ្វេបុក Facebook ឈ្មោះ ” ពត៌មានពីប្រជាជន News from People” និងគណនីហ្វេបុក Facebook ផ្សេងៗទៀត បានចុះផ្សព្វផ្សាយលើបណ្តាញសង្គម ករណីលោក ព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ឈ្មោះ អៀង សុភ័ក្រ ហៅយ៉ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង – ដែលបាន កើតហេតុឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធករណីកើតហេតុខាងលើនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចាត់ជំនាញពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវ និងប្រគល់ភារកិច្ចជូនផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតលើបណ្ដឹង របស់ឈ្មោះ អៀង សុភ័ក្រ ហៅ យ៉ត ករណីហិង្សាដោយចេតនា៕

5
Promotion