បញ្ហាព្រំដែននៅតំបន់​ចំនួន៤ និងបញ្ហា​បិទ​ច្រក​ព្រំដែន​ដោយឯក​តោភាគី មិនស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំJBC នោះទេ

គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នឹងជួបប្រជុំគ្នា នៅថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ សម្រាប់កិច្ចប្រជុំនេះ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

មុនការប្រជុំមកដល់ព្រឹកថ្ងៃ១៤ មិថុនា ដែលធ្វើឡើងសណ្ឋាគារសូហ្វីតែល នាយប់ថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនជនរួមជាតិឲ្យថា បញ្ហាចំនួនពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និង២.បញ្ហាការបិទព្រំដែន ដោយឯកតោភាគី។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានពន្យល់ថា បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? សម្តេចក៏សូមបញ្ជាក់ជូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។

ដោយឡែក បញ្ហាការបិទព្រំដែន ក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ដោយសម្តេចបានគូសបញ្ជាក់ថា ដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ ហើយ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។

កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំ​ហែង​ឬការដាក់សំពាធពីខាងក្រៅ។

ជាមួយគ្នានេះ សម្តេច ក៏សង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច ៕

អត្ថបទ៖ ពុទ្ធិកា