ឯកឧត្តម ហេង រតនា ឆ្លើយតប ទៅកាន់ពួកអគតិលាបពណ៌ដែលបានលេីកឡេីងថា​ គ្រាប់បែកMK-84 ​ជាគ្រាប់បែកចាស់​!

ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់នាថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​។ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម​ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះ​ទេ​ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ​ ។

អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ​ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់ និងប្រភពច្បាស់លាស់​ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា​។ យន្តហោះF-16នេះ អាចដឹកគ្រាប់បែកMK-84​ ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជេីង។

ឯកឧត្តម ហេង រតនា បញ្ជាក់ថា ករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ​ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ​ ចែសសុីដែកជ្រៅ​ៗ​ ទន្ទឹងនឹងនេះរណ្តៅគ្រាប់​ផ្ទុះ​ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ​ ជាភស្តុតាងស្រាប់​ អ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន​ ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន។ នេះជាការឆ្លើយតប ទៅកាន់ពួកអគតិលាបពណ៌ដែលបានលេីកឡេីងថា​ គ្រាប់បែកMK-84នេះ​ជាគ្រាប់បែកចាស់​៕

ដោយ៖ ផុន លីហ្សា